วันศุกร์ที่ 22 มกราคม พ.ศ. 2553

ពុទ្ធប្រវត្តិសង្ខេប


រាជវង្ស កំណើត

ព្រះបាទ សុទ្ធោទន រាជវង្ស គោតម ព្រះរាជាបក្សសម្ព័ន សាក្យៈសោយរាជសម្បត្តិ នៅនគរកបិលពស្តុ ព្រះអគ្គមហេសីព្រះនាម សិរិមហាមយា ជាបុត្រីព្រះរាជាបក្សសម្ព័នកោឌយៈ នៅនគរទេវទហៈ ជាប់ព្រំដែននគរកបិលពស្តុព្រះនាង សិរិមហាមយា ទ្រង់បានសុបិន្និមិត្តឃើញដំរីសមួយ មានភ្លុក៦ ចុះពីស្ថានតុសិត ហើយចូលមកក្នុងព្រះអុទ័រព្រះនាងផ្នែកខាងស្តាំ ទំនាយថា ព្រះនាងនឹងមានរាជបុត្រមួយព្រះអង្គ ប្រកបដោយបុណ្យបារមី យ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង។ តាមរឿងនិទានខ្លាះថា ទេវបុត្ត សន្តុសិត យាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយ៉ាងទៅកាន់នគរ ទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះ ភរិយាត្រូវទៅប្រសូត្របុត្រនៅនគរ រឺផ្ទះខាងភរិយា។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ព្រំដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅថ្ងៃសុក្រ
១៥កើតពេញបូណមី ខែពិសាខ ឆ្នាំច។

ពិធីថ្វាយព្រះនាម
ក្រោយពីព្រះរាជអោរសប្រសូតបានប្រាំថ្ងៃ ពិធីរៀបចំថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេចប្រយោជន៏គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍ ៨នាក់ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិតនៅជាក្សត្រ ព្រះអង្គនឹងបានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹងបានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារប្រាកដជាបានត្រាស់ជាព្រះពុទ្ធ។ប្រសូត្របាន៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាមមហាបជាបតីគោតមីបីបាច់រក្សាតមក។

រាជពិសេក
ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន ១៦ឆ្នាំ ទ្រង់បានរៀបអភិសេកជាមួយ បុត្រីស្តេចសុប្បពុទ្ធព្រះនាម ពិម្ពាយសោធរាដែលជានារីល្អអែកលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះសិទ្ធត្ថក្លាយជាស្តេចចក្រពត្តិ ព្រះបីតាព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ចែងគ្រប់យ៉ាង ដើម្បីឃាឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចព្រះអង្គទ្រង់ចាត់អោយគេសង់ប្រាសាទបី តំរូវទៅតាមកាមរដូវទាំងបី គឺសំរាប់រដូវក្តៅ រដូវរងារ រដូវរំហើយ។ ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល។


ទេពនិមិត្ត៤យ៉ាង
ដោយចង់អោយព្រះសិទ្ធត្ថបាន ជាស្តេចចក្រពត្តិ ដូចដែលព្រាហ្មណ៍ទាយទុកនោះ ព្រះសុទ្ធោទនទ្រង់ចាត់អោយគេយាមមិនអោយមានមនុស្សចាស់ ជរា ឈឺ រឺស្លាប់ អោយព្រះសិទ្ធត្ថទ្រង់យល់ឃើញឡើយ អ្នកបំរើភិលៀតនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំង ព្រះសិទ្ធត្ថទ្រង់សោយសុខដោយកាមលោកីយគ្រប់ប្រការ។ នៅក្នុងរាជវាំង ព្រះអង្គទ្រង់ទតឃើញជារឿយៗ ភិលៀង អាមាត្យ ទាំងឡាយដេកលក់ ខ្លះហៀរទឹកមាត់ ខ្លះរបូតសំពត់អាវ នៅស្តូកស្តឹងគ្មានវិញ្ញណដូចជាអង្គត់ឈើមួយដុំ ធ្វើអោយព្រះអង្គទ្រង់មានការខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ ព្រះអង្គក៏ចេញទៅក្រសាលក្នុងអុទ្យាននាបរមរាជ វាំងដែលព្រះអង្គទ្រង់បានជួប

ទេពនិមិត្ត ៤ប្រការដូចនេះ៖

  • ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយទ្រង់ទតឃើញ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យថា នេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថា ព្រះករុណាលោកម្ចាស់នេះគឺជា «មនុស្សចាស់»។
  • ទេពនិមិត្ត ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនអុទ្យានបានបន្តទៅមុខទៀត ទេពនិមិត្តទ្រង់និមិត្តជាមនុស្សកំពុងឈឺ ក្តៅក្រហល់ក្រហាយនៅក្នុងខ្លួន ដោយអាការរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្សយ៉ាងម៉េច ពួកសេនាមាត្យក្រាបទូលថា ព្រះករុណាលោកម្ចាស់មនុស្សនេះកំពុងមានជំងឺ
  • ទេពនិមិត្ត ជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនអុទ្យាបានមកនិមិត្តជាមនុស្សកំពុងដេកស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយព្រះអង្គមិនដែលទ្រង់បានទតឃើញក៏សួរទៅសេនាមាត្យដូចមុនដែរ សេនាមាត្យក៏ក្រាបទូលថា មនុស្សយើងតែងមានការបែកធ្លាយរូបកាយស្លាប់យ៉ាងនេះព្រះករុណាលោកម្ចាស់។
  • ទេពនិមិត្ត ជាអ្នកបួស ទេពនិមិត្តបីប្រការ គឺ ចាស់ ជរាឈឺ ស្លាប់ ធ្វើអោយ ព្រះសិទ្ធត្ថទ្រង់សង្វេគជាពន់ពេក ទ្រង់ធ្វើការពិចារណាទៅលើរូបកាយដោយព្រះអង្គអែងថា បណ្តារូបកាយនៃសត្វលោកទាំងឡាយនេះ នឹងមានសភាវ ចាស់ ឈឺ និងឈានដល់ការបែកធ្លាយស្លាប់ ទៅវិញយ៉ាងនេះអែងហ្ន៎ តើមានថ្នាំអែណា មានផ្លូវអែណាគេចអោយរួចផុតពីការ ចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូចនេះទេពនិមិត្តនិមិត្តជាសមណអ្នកបួសយ៉ាងស្រគត់ស្រគមគួរជាទីជ្រះថ្លានៃសត្វលោកទាំងឡាយអោយព្រះអង្គទតឃើញទៀត ព្រះអង្គទ្រង់មានសទ្ធាពេញហរទ័យ ត្រេកអជាក្រៃពេក ចំពោះសមណភេទនេះ។

សាងផ្នួស
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ខ្ពើមរអើមរូបសង្ខារ និងលោកសន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហរទ័យដោះស្រាយបញ្ហា ជិវិតដោយការចេញសាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មាសម្ពោធិញាណធម៌។ កណ្តាលរាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែល រាហុលបុត្រាជាទីស្រលាញ់ ងាកបែរសំលឹងទៅភរិយា ពិម្ពាកំពុងលង់លក់ក្នុងបន្ទុំ មានដំណាលថា ទេវតានៅ ស្ថានសន្តុសិតបានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើអោយព្រះនាងពិម្ពា និងរាហុល លង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកំអោយភ្ញាក់ធ្វើការរំខានដល់ការសំរេចចិត្តរបស់ព្រះអង្គ ហើយជប់សេះរាជរដ្ឋ ជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសា ហើយអធិដ្ឋានថា «បើអាត្មាអញនេះ ពិតជាបានត្រាស់ជាព្រះពុទ្ធមែន ចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះ» អធិដ្ឋានហើយព្រះសិទ្ធត្ថទ្រង់បាច ព្រះកេសាទាំងឡាយឡើងទៅលើអាកាស ហ្វូងទេវតាទាំងឡាយកាន់ភាជន៍មាស មកទទួលត្រងយកទៅទុកនៅស្ថានទេវលោកក្នុងគ្រានោះទៅ។
កោណ្ឌញ្ញព្រាហ្មណ៍ គឺព្រាហ្មមួយអង្គក្មេងជាងគេ ដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិតជាបានត្រាស់ដឹងជាព្រះពុទ្ធនោះ កាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធាជ្រះថ្លារួមជាមួយសមណព្រាហ្មណ៍៤អង្គទៀតចេញ ទៅបួសតាមបំរើព្រះអង្គដែរ អ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។


ការសិក្សា និងទុក្ខរកិរិយា
កាលបានបួសស្រេចបាច់អស់ហើយ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់បានចូលទៅធ្វើការសិក្សាធម៌ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គ មាននាមថា អាឡារតាបស និង អុទកតាបស ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណនៃការត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេចព្រះទ័យលាចាកតាបសទាំងពីរ ហើយស្វែងរកសច្ចៈធម៌ដោយព្រះអង្គអែងវិញ។
ព្រះអង្គទ្រង់ធ្វើទុក្ខរៈកិរិយា គឺការប្រតិបត្តិធម៌យ៉ាងតឹងរឹង ធ្វើអោយមានការពិបាក ដល់រូបកាយយ៉ាងក្រៃលែង ដូចជាមានការអត់អាហាររហូតរូបរាងកាយស្គាំស្គមជាខ្លាំង ការប្រព្រឹត្តទុក្ខរៈកិរិយាអស់រយពេល៦ព្រះវស្សា ព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថា មានទេពនិមិត្តបានមកដេញពិន ថ្វាយអោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរដេញទៅពុំធ្វើអោយមានការពិរោះទេ ទើបអ្នកដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញម្តងទៀត ដោយខ្សែពិនរិតតឹងពេកគ្រាន់តែកេះទឹង ខ្សែពិនដាច់បិតតែម្ដងទៅ។ ទេពនិមិត្តជានាក់ដេញពិនរៀបចំដាក់ខ្សែពិនជាថ្មី ហើយរៀបរិតអោយត្រូវ មិនតឹងពេក មិនអោយធូពេក លុះរៀបចំបានត្រូវហើយ ទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះសិទ្ធត្ថ គោត្ដម ទ្រង់ពិចារណាប្រៀបធៀបការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោលឃើញថា ការធ្វើប្រតិបត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិបត្តតឹងរ៉ឹងពេកធ្វើអោយដាច់ ក៏ជាហេតុមិនអាចអោយព្រះអង្គត្រាស់ដឹងបានឡើយ។ លុះទ្រង់ពិចារណាហេតុផលដូចនេះ ហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយ អាហារជាធម្មតាវិញ។
ព្រះបញ្ចវគិយភិក្ខុឃើញដូចនោះ ក៏គិតគ្នាថា អោ!.ព្រះសិទ្ធត្ថ គោតម អស់សេចក្តីព្យាយាមហើយតើ ព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់តាមបំរើព្រះអង្គទៀតតាំងពីនោះមក។

ត្រាស់ដឹង
ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយា ព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិតាមបែបមជ្ឈិមបដិបទាវិញ ព្រះអង្គទ្រង់យ៉ាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោមដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ទៅក្រាលធ្វើជាកំរាលគង់ពីលើ មានសេចក្តីដំណាលថា រតនបល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះសិទ្ធត្ថទ្រង់គង់ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួលហើយ តាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖ «ស្បែក សរសៃ សាច់ និង ឈាម របស់អាត្មាអញ ចូររឺងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ដឹងទេ អាត្មាអញនឹងមិនក្រោក ចាកពីរតនបល្ល័ង្គនេះឡើយ»។ ព្រះអង្គទ្រង់ចាប់ផ្តើមចំរើន អានាបានុស្សតិ ធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធ និងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់ នូវទុក្ខវេទនា ក៏ព្រោះតែការភ័ន្ដច្រលំនៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ ថាជារបស់ទៀងទាត់ អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តាថាជារបស់ខ្លួន ព្រះអង្គទ្រង់បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាដែលជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាច ខឹង ស្អប់ ក្រអឺតក្រអាង ច្រណែន ប្រចណ្ឌ លោភ និងល្ងង់ខ្លៅជាដើម។សេចក្តីទុក្ខប្រភេទនេះ មានភាពផ្ទុយស្រលះ និងការពិចារណាដ៏ត្រឹមត្រូវ ព្រះអង្គទ្រង់ឆ្វេងយល់យ៉ាងច្បាស់ថា ប្រភពទុក្ខទាំងឡាយពិតជាកើតឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះ ត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅក្នុងបេះដូងរបស់វា និងវែករក បុព្វហេតុ នៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖

  • រូបខន្ធ
  • វេទនាខន្ធ
  • សញ្ញាខន្ធ
  • សង្ខារខន្ធ
  • វិញ្ញាណខន្ធ
    អិលូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិតមិនស្ថិតស្ថេរ អនិច្ចំ និងភាពមិនមែនជារបស់ខ្លួន អនត្តា គឺចាកលក្ខខណ្ឌចាំបាច់នៃជីវិត បើគ្មានធម៌ អនិច្ចំ និងអនត្តាទេ ក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។

ផ្ចាញ់មារ
ក្នុងពេលព្រលប់ ព្រះសិទ្ធត្ថ ទ្រង់គង់លើរតនបល្លង្គក្រោមពោធិព្រឹក្ស ទ្រង់បានផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺ នាងតណ្ហា១ នាងអរតី១ និង នាងរាគា១ មកបញ្ចូលចិត្តព្រះសមណគោតម ដើម្បីអោយព្រះអង្គលះបង់ការស្វែងរកការត្រាស់ដឹងចោល តែព្រះសមណគោតមពុំមានការចាប់រម្មណ៏ឡើយ ធ្វើអោយនាងទាំងបីវិនាសអន្តរធានទៅ។ បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមក ក្រុងមារនៅ តែមានចិត្តរិស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀត មារបានលែងកងទ័ព បិសាចកាចសាហាវតូចធំទាំងឡាយជាច្រើនអោយមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះ គ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦ គីឡូម៉ែត្រ)និមិត្តដៃមួយពាន់កាន់នូវគ្រឿងសាស្រ្តាវុធគ្រប់ប្រការ មានតំណាលថា មារបានបញ្ចេញកងពលសេនាដ៏ច្រើនតាន់តាប់មកពីមុខកំរាស់ ១២យោជន៏ ខាងឆ្វេងស្តាំ កំរាស់១២យោជន៍ ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់ថែរក្សាព្រះអង្គ មានសក្កទេវរាជ មហាព្រហ្ម ស្តេចនាគកាឡ បានបញ្ចេញរិទ្ធធ្វើអោយកង ពលរបស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។
កងពលមារមួយកងទៀតលើកមកពីទិសអុត្តរ មារាធិរាជដែលភ័យញញើតស្រែកប្រាប់ពលរេហ៍ថា នែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំងពូកែណាស់ ចូរពួកយើងកុំចូលមកចំពីមុខ។ មារចាប់ផ្លែងសអោយកើត ជាខ្យល់ព្យុះដែលមានកំលាំងបោកបក់ភ្នំអោយរលំបាន តែខ្យល់នោះមិនបានធ្វើអោយកំរើកសូម្បីតែជាយស្បង់ចីវរព្រះ អង្គបន្តិចឡើយ មារបង្កើតអោយមាន ភ្លើង រន្ទះ ផ្លេកបន្ទោរ ភ្លើង ភក់ក្តៅ ងងឹត សូន្យសុងពីគ្រប់ទិសទី និងគ្រឿងប្រហារផ្សេងៗ បាចសាចមកលើព្រះអង្គ តែគ្រឿងប្រហារទាំងនោះ មិនបានបៀតបៀនអ្វីដល់ព្រះអង្គឡើយ តែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូចនោះ មារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖ «នែសិទ្ធត្ថ! ចូរអ្នកដើរចេញពីរតនបល្លង្គនេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង» ព្រះសមណគោតមទ្រង់ត្រាស់ពោលទៅកាន់មារវិញថា «ម្នាលមារ រតនបល្លង្គនេះ កើតមកមិនមែនសំរាប់រូបអ្នកទេ គឺពិតជាកើតមកសំរាប់យើង ដែលជាអ្នកបំពេញនូវបារមីទេតើ អ្នកមិនមែនជាអ្នកបំពេញបារមីទេ ចូរថយចេញភ្លាមទៅ»។
ក្រុងមាររិតតែខឹងខ្លាំងឡើង ហើយក៏គ្រវែងចក្រាវុធ ដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធនោះក៏ក្លាយជាពិដានការពារព្រះអង្គទៅវិញ អែក្រុមពលរេ ដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែរ តែភ្នំទាំងនោះក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ ដោយទល់គំនិត មិនដឹងនឹងរកអ្វីតទល់យកឈ្នះលើព្រះអង្គបាន មារសំលុតព្រះអង្គថា តើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។ ព្រះពុទ្ធធ្វើការត្រិះរិះថា រតនបល្ល័ង្គតែងកើតមានដល់ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយរតនបល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញ ហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះ ទ្រង់ព្រះចិន្តាដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារ បើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជាសាក្សី » ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់» ចុះសិទ្ធត្ថអែងវិញ មានអ្វីជាសាក្សី។ ព្រះសមណគោតមទ្រង់លើក ព្រហស្ថស្តាំ ចង្អុព្រះធរណី និងអំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សី ទទួលដឹង លឺនូវអំពើល្អរបស់ព្រះអង្គ ព្រះអង្គទ្រង់ត្រាស់ថា ក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។
មុទ្រ រឺកាយវិការនៃព្រះហស្ថនេះគឺ «ការផ្ចាញ់មារ» រឺថា «ការយកព្រះធរណីធ្វើ ជាសាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះ មហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើង ទទួលខ្លួនជាសាក្សីបន្ទល់ចំពោះព្រះអង្គ ក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរី បច្ច័យនាគេន្ទ ដែលព្រះអង្គទ្រង់ប្រទានដល់អ្នកស្រុកកលិង្ករាស្រ្ត កាលព្រះទ្រង់សោយព្រះជាតិជា វេស្សន្តពោធិសត្វ គ្រានោះដំរីគ្រីមេខលា ដែលជាអតីតជាតិ ជានាគេន្ទេនោះ ក៏អោនក្បាល លុតជង្គង់ក្រាបថ្វាយបង្គំព្រះអង្គដោយគោរព រីនាងគង្ហីងព្រះធរណីបានចេញមក ហើយយកដៃច្បូតសក់ហូរចេញជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ជាច្រើន។ មហាមារឃើញដូច្នោះហើយក៏ក្រាបថ្វាយបង្គំព្រះអង្គដោយសរសើរថា «បពិតមហាបុរស អ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យមែន យើងខ្ញុំព្រះករុណាសូមនមស្សការដោយគោរព»។
ព្រលឹមអរុណរះ ព្រះនាងសុជាតាបានរៀបចំម្ហូបអាហារ ដើម្បីយកទៅថ្វាយបូជា ដល់ដើមពោធិព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះ មកដល់ដើមពោធិព្រឹក្ស ព្រះនាងទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអប្រកបដោយ សទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ មធុបាយះ អៃដ៏ភាជន៍មាសដល់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់ពូតមធុបាយៈជា ៧ពុំនូតហើយទ្រង់សោយ ទ្រង់បានយកភាជន៍មាសគ្រវែងចូលទៅក្នុងគង្គារ ដែលលិចទៅបះទង្គិចភាជន៍មាសនៃព្រះពុទ្ធអង្គមុនៗ ធ្វើអោយនាគរាជដែលកំពុងដេកលក់ភ្ញាក់ឡើងហើយប្រកាសថា អោ! មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀតហើយតើ! ព្រះសមណ សិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។




បឋមទេសនា


ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិនញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយតថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការយ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូលកលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួលសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេលនោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិសីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយនោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គពេល
ដែលព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ព្រះអង្គទ្រង់សន្តោសប្រោសទេសនា
ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅតាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិងព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។

ពុទ្ធកិច្ច
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៣៥វស្សាគឺ៖
  • នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
  • នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។
  • នៅពេលព្រលប់ ទ្រង់ប្រទានអោវាទដល់ភិក្ខុសង្ឃទាំងឡាយ។
  • នៅពេលកណ្តាលអទ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។
  • នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ និងអិតនិស្ស័យ។

  • ដាក់ព្រះជន្ម
    ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដាក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិសេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោកស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។


    បរិនិពា្វន
    ក្រោយពេលដាក់ព្រះជន្មរួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយ នៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទ រៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។


    កត់សំគាល់
    ការសឹក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូចតទៅនេះ៖

  • ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
  • ត្រាស់ដឹង ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
  • ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
  • បរិនិពា្វន ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។


  • ចប់ពុទ្ធប្រវត្តិដោយសង្ខេប

    វិទ្យុអាស៊ីសេរី



    http://www.rfa.org/khmer

    วันพุธที่ 20 มกราคม พ.ศ. 2553

    គណនាមហាសង្ក្រាន្ដ

    ដកស្រង់ពីសៀវភៅមហាចង្ក្រាន អ៊ឹម បុរិន
    មហាសង្រ្កាន្ដ ឆ្នាំជូត សំរឹទ្ធិស័ក
    ចុល្លសករាជ ១៣៧០ មហាសករាជ ១៩៣០ ពុទ្ធសករាជ ២៥៥២ គ្រឹស្ដសករាជ ២០០៨
    សុភមស្ដុ វរមង្គលាជយាតិរេក

    ព្រះពុទ្ធសករាជព្រះសាសនា អតិកន្តា កន្លងទៅហើយបាន ២៥៥១ ត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំជូតសំរឹទ្ធិស័កតទៅចូលពុទ្ធសករាជ ២៥៥២។

    នឹងគណនាឆ្នាំ​ជូត អិលូវនេះ សង្ក្រាន្តចូលមកនៅថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ.ស២០០៨ វេលាម៉ោង១៨:៤៨នាទី ។ ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅឋិតនៅអែមេសរាសីតាមផ្លូវគោវិថីគឺផ្លូវកន្ដាល ទើបមានទេពធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម ទុង្សទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្មគង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយ ផ្កាទទឹម អភរណ ទ្រង់ពាក់កែវបទុមរាគ ភក្សាហារ ទ្រង់សោយផ្លែបទុម្ពរ ព្រះហស្ថស្តាំ ទ្រង់កងចក្រ ព្រហស្ដឆ្វេង ទ្រង់ ស័ង្ខ ទ្រង់គង់ពាក់ឆៀងបើកព្រះនេត្រលើខ្នងសត្វ គ្រុឌបក្សី ជាពាហនៈ។ ទើបនាំអស់ទេវបុត្រ ទេវធីតាទាំងមួយសែនកោដិហោះទៅកាន់គុហារកែវធម្មមាលី នាទីភ្នំកៃលាសខេត្ត ហេមពាន្តជាទីតំកល់ទុកនូវព្រះសិរសាកបិលមហាព្រហ្ម ដែលតំកល់លើពានមាស នាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន៦០នាទី។ ទើបនាំយកទៅតំកល់ទុកកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ ថ្មកែវ ដែលជាមាត់គោអុសសភរាជ ទាំង៧ ត្រជាក់ ក្សេមក្សាន្តព្រះរាជហរិទ័យ ហើយនាំគ្នាចូលទៅសមាទានរក្សាសីល ដោយសោមនស្សរីករាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្ម ទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបង់អពមង្គលអោយជ្រះស្រលះ ហើយចំរើននូវសិរីសួស្តីជ័យមង្គលជន្មាយុ យឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយ តាំងពីឆ្នាំថ្មីចូលមកនេះ បានធូរទូលំទូលាយ សុខក្សេមក្សាន្តតរៀងទៅ ។

    ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០០៨ វេលាម៉ោង១៨ និង២៤នាទី ជាថ្ងៃចូលឆ្នាំជូត សំរិទ្ធិ ស័ក។
    ថ្ងៃចន្ទ ៩កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តករាជ ២០០៨ ជាវារៈវ័នបត ។ ថ្ងៃអង្គា ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា គ្រិស្តសករាជ ២០០៨ នៅវេលាម៉ោង២២ និង ២៣នាទី ៥៤វិនាទី ជាវារៈឡើង ស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ ស្រេចបរិបូណ៌ ចូលជាសកល ឆ្នាំជូត សំរឹទ្ធិស័ក ចុល្លសករាជ១៣៧០តទៅ។

    ក្នុងអោកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុស-ស្រីផងទាំងឡាយរៀបចំពលិការគ្រឿង សក្ការបូជា អុជប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និង ទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មី ហើយខំ លះបង់ចិត្តអាក្រក់អន្សតិរ្ថីយជាចិត្តអប្រីយ៍ ជាប់ដោយគំនុំគំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ អោយស្រលះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា អុបេក្ខានិង បញ្ញា ធ្វើបុណ្យទាន តាមប្រពៃនីរក្សាសីលប្រាំអោយបានជាប់ជានិច្ច នោះទើបទេវតានឹងអោយពរសព្ទសាធុការ លោកអ្នក នឹងមានសិរីសួស្តីសុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មី នេះតរៀងទៅ ។

    วันอังคารที่ 19 มกราคม พ.ศ. 2553

    ការទស្សន៍ទាយសំរាប់អ្នកកើតឆ្នាំជូត


    លោកអ្នកកើតជូត ៖ ពង្សទេវតាប្រុស នាមជាសត្វកន្ដុរធាតុទឹក ទន្សាកំនើតនៅថ្ងៃអាទិត្យ សិរីធ្លាក់មកពីក្បាលព្រះព្រហ្ម មូលព្រលឹងនៅដើមដូង រឺ ដើមចេក កាលណាទៅរស់នៅកន្លែងណា ទីណាអោយរកដើមដូង រឺ ដើមចេកមកដាំទុកខាងក្រោយផ្ទះ ក្នុងភូមិលំនៅផងទើបនឹងមានសិរីមង្គលរស់នៅត្រជាក់ត្រជុំជាសុខ។

    មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សនិយាយស្ដីដាច់ខាត មិនសូវញញឹមញញែមធ្វើអ្វីរមែងតាមតែចិត្ដខ្លួនអែងជាធំ ស្ដាប់ហេតុផលរបស់អ្នកដទៃម្ដងម្កាល ការនិយាយស្ដី សូម្បីគ្រាខ្លះចចេសរឹងរូស ក៏ជាទីត្រូវចិត្ដត្រូវថ្លើមលោកអ្នកធំ និងសមណជីព្រាហ្មណ៍មានបញ្ហាខូចបង់ ខុសផ្លាត ច្រើនក៏ព្រោះការដែលធ្វើអ្វីតាមតែចិត្ដខ្លួនអែង កាលណាវ័យឡើងច្រើន និស្ស័យនេះថយចុះ។ ជាមនុស្សមាននិស្ស័យពេញចិត្ដក្នុងរឿងស្នេហា មានមានៈ មានការអត់ធ្មត់ ព្យាយាមក្នុងការសិក្សារៀនសូត្រ និង ស៊ូក្នុងការដែលខ្លួនធ្វើ និង ជាអ្នកមានចិត្ដបុណ្យកុសល ចូលចិត្ដជួយដោះទុក្ខអ្នកមានអាសន្ន មានសមត្ថភាពក្នុងការរកប្រាក់ ប៉ុន្ដែច្រើនក្ដៅក្រហាយដោយសារមនុស្សភេទផ្ទុយ។ លោកថាមនុស្សនេះច្រើនមានរោគនៅនឹងមាត់ ដូចជាឈឺ អន្ដាត ធ្មេញ។

    ពាក្យព្យាករណ៍អ្នកកើតឆ្នាំកុរ
    ពីអាយុ ០៦ឆ្នាំ ដល់ ៨០ឆ្នាំ
    បុរស អាយុ ៖ ៩, ១៤, ១៩, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤,៨១ ឆ្នាំ និងស្ត្រីអាយុ ៖ ១៤, ១៩, ២៦, ៣១, ៣៨,៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤, ៧៩ ឆ្នាំ ។ ទំនាយថា ៖ ជាឆ្នាំនាំមកនូវជោគលាភសក្ការៈ គិតប្រកបការងារអ្វីៗតែងតែបានសំរេច ដូចសេចក្តីប្រាថ្នាគ្រប់ប្រការ ដែលអាចចែកចេញបានដូចតទៅនេះ ៖
    ជោគលាភ ៖ នឹងបានទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ និងវត្ថុមានតំលៃ គ្រឿងប្រដាប់លម្អគេហដ្ឋាន ដីធ្លីបានឡើងប្រាក់ ខែ និង ប្រាក់បំនាច់រង្វាន់ផ្សេងៗទៀត ។
    កិត្តិយស ៖ ការសិក្សានឹងបានប្រលងជាប់ដូចសេចក្តីប្រាថ្នា បើនៅទំនេរ នឹងបានការងារធ្វើបើមាន ការងារធ្វើស្រាប់ ហើ យបានឡើងកាន់មុខតំនែងខ្ពស់ឡើង ។
    កេរ្តិ៍ឈ្មោះ ៖ នឹងបានទទួលសេចក្តីនិយមរាប់អាន លើកតំកើងមុខមាត់ពីមនុស្សក្នុងមជ្ឈដ្ឋានការងារ រឺនៅក្នុងផ្ទះជាទីពេញ ចិត្ត ដល់ខ្លួនអែង និងអ្នកដទៃ ។
    សេចក្តីសុខ ៖ បានជួបប្រទះនឹងសេចក្តីស្នេហ៍បរិសុទ្ធ អែអ្នកដែលមានគូគ្រងហើយនឹងមានបុត្រជាទី ស្រលាញ់ពេញចិត្ត សេចក្តីសុខសប្បាយទ្វេឡើងថែមទៀត ។
    បុរសអាយុ ៖ ៣៨, ៤៥,៥០, ៥៧ឆ្នាំ និងស្ត្រីអាយុ ៖ ៣៨, ៤៣, ៥០ឆ្នាំ ។ ទំនាយថា ៖ បើរៀបអាពាហ៍ពិពាហ៍ហើយនឹងមានកូនបើនៅលីវ នឹងបានរួមរ័កអភិរម្យសមសេចក្តីបំនងប៉ងប្រាថ្នា រឺបានទទួលលាភសក្ការៈ ជាវត្ថុមានជីវិតផ្សេងៗទៀត ចូលមកនៅក្នុងផ្ទះ។

    បុរសអាយុ ៖ ១០, ១៣, ២២,២៥, ៣៤, ៣៧, ៤៦, ៤៩, ៥៨, ៦១, ៧៣, ៨២ ឆ្នាំ និងស្ត្រីអាយុ ៖ ៩, ១២, ២១, ២៤, ៣៣, ៣៦, ៤៥,៤៨, ៥៧, ៦០, ៦៩, ៧២ ឆ្នាំ ។ ទំនាយថា ៖ ជាឆ្នាំនាំមកនូវគ្រោះកាច អោយប្រញាប់ប្រុងប្រយ័ត្នខ្លួន ដែលអាចចែកចេញបានដូចតទៅនេះ ៖
    ១-ជួបប្រទះរឿងទុក្ខសោកខូចចិត្ត ដោយត្រូវពួកសត្រូវក្រុមពាលទាំងឡាយ ប៉ុនប៉ងព្យាបាទ កុំធ្វើដំនើរ ទៅទីស្ងាត់ និង ពេលរាត្រី ព្រោះនឹងត្រូវចោរឃ្មួយគំរាមកំហែង។
    ២-រោគាព្យាធិបៀតបៀនកាយ សត្វអាសិរ្ពិសទិច រឺ ខាំ ធ្វើអោយអស់សេចក្តីសុខ ។
    ៣-លុយកាក់ត្រូវចំនាយច្រើនទាំងក្នុងផ្លូវដែលមិនចាំបាច់ បើធ្វើជំនួញជួញប្រែនឹងត្រូវខាតដើមទុន។
    ៤-សង្ឃឹមផលប្រយោជន៍ទៅលើផ្លូវអ្វីច្រើនតែភ្លាំងភ្លាត់ ប្រាក់ចំនូលតិចជាងប្រាក់ចំនាយ រឺបានមក ហើយចាយអស់ទៅ វិញ។
    ៥-បងប្អូនញាតិមិត្តដែលធ្លាប់ស្រលាញ់រាប់អានគ្នា នឹង ប្រែក្លាយជាសត្រូវ ។
    ៦-ទីលំនៅ រឺ កន្លែងធ្វើការត្រូវផ្លាស់ប្តូរ រឺ ធ្វើដំនើរទៅស្រុកឆ្ងាយ បើលោកអ្នកមិនចាកចេញទៅទេ ក៏ គង់មានមនុស្សនៅ ក្នុងផ្ទះចាកចេញទៅដែរ។
    ៧-រងទទួលសេចក្តីយ៉ាប់យ៉ឺនលំបាកលំបិនរឺនឿយហត់ ជាខ្លាំងទាល់តែមានមានៈអត់ធន់ ។
    ៨-ធ្វើការងារជាមួយអ្នកដទៃនឹងត្រូវគេឆបោក បងប្អូនញាតិមិត្តស្និទ្ធស្នាល ប្រែក្លាយទៅជាសត្រូវ កន្លែង ធ្លាប់នៅ នឹង ត្រូវក្តៅក្រហាយ រឺ ត្រូវគេបន្ដេញចេញ ចិត្តថ្លើមអន្ទះអន្ទែង។

    បុរសអាយុ ៖ ១១, ១២, ២៣, ២៤, ៣៥, ៣៦, ៤៧, ៤៨, ៥៩, ៦០, ៧១, ៧២ឆ្នាំ និង ស្ត្រីអាយុ ៖ ១៦, ១៧, ២៨, ២៩, ៤០, ៤១,៥២,៥៣៦៤ ,៦៥, ៧៦, ៧៧ ឆ្នាំ។ ទំនាយថា ៖ ឆ្នាំនេះជាឆ្នាំនៃ ប្រក្រតីកាល គឺ មិនល្អណា

    ស់ហើយក៏មិនអាក្រក់ណាស់ណាដែរ ការសិក្សា
    បានត្រឹមប្រលងជាប់មិនធ្លាក់ ប្រកបការងារបានផលល្មម បើធ្វើជំនួញជួញប្រែបានត្រឹមមិនខាតដើម។ បងប្អូនញាតិមិត្តជិតឆ្ងាយ បើអុស្សាហ៍ទៅមករាប់រកគ្នា ទើបអាចផ្សាភ្ជាប់ចំនងសាមគ្គីបានល្អ។ ការងារអ្វីៗអាស្រ័យដោយការព្យាយាម ហើយប្រើការពិនិត្យពិចារណាអោយល្អិតល្អន់ទើបអាចរផលកំរៃបាន ។ សេចក្តីស្នេហាត្រូវប្រើសេចក្តីមានៈព្យាយាម ទើបសំរេចផល នឹង អាចរឹតចំនងស្នេហារវាងគ្នា នឹង គ្នា បានជាបង្គួរ គឺមិនល្អពេកហើយក៏មិនអាក្រក់ពេក ដល់ទៅដាច់ដោចលែងលះផ្តាច់មគ្គសង្វាសគ្នាដែរ។

    បុរសអាយុ ៖ ០៦,១៧, ១៨, ២៩, ៣០, ៤១,៤២, ៥៣, ៥៤, ៦៥, ៦៦, ៦៧, ៧៨ ឆ្នាំ និងស្ត្រីអាយុ ៖ ១០,១១, ២២, ២៣, ៣៥, ៤៦, ៤៨,៥៨, ៥៩, ៦៨, ៧០, ៧១ ឆ្នាំ ទំនាយថា ៖ ឆ្នាំនេះ ជាឆ្នាំស្រមោលអន្ទោលតាមប្រាណនៅក្នុងឆ្នាំនេះ បើលោកអ្នកធ្វើល្អបានទទួលផលល្អ បើធ្វើអាក្រក់បាន អាក្រក់តបស្នងវិញយ៉ាងប្រាកដ ។ ធ្វើការងារអ្វីៗ ប្រដូចទៅនឹងស្រមោលអន្ទោលតាមប្រាណ ខុសហើយគឺត្រូវទទួលផលកម្មដោយគ្មាន ការអភ័យទោស រឺ បន្ធូរបន្ថយគ្មានផ្លូវនឹងផ្លាស់ប្តូរកែកុន ថាធ្វើអាក្រក់អោយក្លាយទៅជាល្អទៅជាអាក្រក់បានទេ បើទុកជាគេជួយក៏ជួយមិនរួចដែរ ។

    បុរសអាយុ ៖ ៨,១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥ ឆ្នាំ និងស្ត្រីអាយុ ៖ ៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩,៥៦, ៦១, ៦៨, ៧៣ ឆ្នាំ ទំនាយថា ៖ ឆ្នាំនេះជាឆ្នាំនៃការមានជោគលាភ ប៉ុន្ដែនឹងល្អបានទៅតាមលំដាប់ គឺចាប់តាំពីដើមឆ្នាំ ហើយនឹងចេះតែកើនឡើងៗ ពីតិចទៅច្រើន ជាលំដាប់រហូតដល់ចុងឆ្នាំ ការសិក្សានឹងចេះតែរីកចំរើនទៅមុខបន្ដិចម្ដងៗ លុះដល់ចុងឆ្នាំ ទើបល្អពេញកំរិត។ ការងារអ្វីៗ ក៏ដូចគ្នាដែរ នៅដើមឆ្នាំមិនសូវមានការរីកចំរើនខ្លាំងប៉ុន្មានទេ ដល់ទៅកន្ដាលឆ្នាំ ទើបឃើញផលជាមធម្យមលុះចុងឆ្នាំទើបទទួលផលពេញបរិបូរ។ ភាពរីកចំរើន នឹង ឃើញបានចាប់ពីខែអុសភាឡើងទៅ ហើយចេះតែកើនចំរើន តទៅដល់លំដាប់ រហូតពេញបរិបូរដល់ចុងឆ្នាំ។

    បុរសអាយុ ៖ ០៧,១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤, ៦៧, ៧៦ ឆ្នាំ និងស្ត្រីអាយុ ៖ ៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១,៥៤, ៦៣, ៦៦, ៧៥ ឆ្នាំ ទំនាយថា៖ ឆ្នាំនេះជាឆ្នាំមានគ្រោះថ្នាក់ធំចូរប្រយ័ត្នអោយមែនទែន ព្រោះហេតុ នឹងកើតឡើងជាច្រើនប្រការគឺ ៖ ១-កើតហាយនៈលិចលង់ គឺត្រូវខូចខាតលុយកាក់អស់រលីងពីខ្លួន ។
    ២-កើតការផ្លាស់ប្តូរ ព្រាត់ប្រាសចាកចោលគ្នា ដោយសត្រូវធ្វើទោស រឺជួបសេចក្តីទុក្ខលំបាករឺត្រូវធ្វើ ដំនើរទៅស្រុកឆ្ងាយ ដោយមានហេតុចាំបាច់ ។ ចំពោះអ្នកដែលមានបំនងនឹងផ្លាស់ប្តូរ រឺចង់ធ្វើ ដំនើររមែងបានដូចសេចក្តីបំនង ។
    ៣-បងប្អូនញាតិមិត្តជាទីស្រលាញ់ នឹងប្រែក្លាយទៅជាសត្រូវស្អប់ខ្ពើមគ្នា ។
    ៤-ត្រូវគេឆបោកកេងប្រវ័ញ្ចោធ្វីបាបអោយខូចខាត នូវរបស់ជាទីស្រលាញ់ហួងហែងជាទីគាប់ចិត្ត ។ ៥-ត្រូវចោរលួច រឺ ភ្លើងឆេះទទួលសេចក្តីក្តៅក្រហាយ និង ការខកចិត្ត ។
    ៦-អ្នកធ្វើការជាមួយគ្នា មានគំនិតផ្តន្ទាឈ្នានីស រឺរង់ចាំចាប់កំហុស ជាហេតុធ្វើអោយទទួលទោសទណ្ឌ ធ្វើការច្រើនលើស លន់ ប៉ុន្តែ «សេចក្តីគូគាប់» មិនត្រូវគេបោកបញ្ឆោតទៅក្នុងផ្លូវអកុសលឡើយ។

    ទំនាយជោគជតារាសី ប្រចាំឆ្នាំជូត សំរឹទ្ធិស័ក
    លោកអ្នកកើតឆ្នាំជូត
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាត្រូវជួបប្រទះនឹង អុបសគ្គជាញឹកញាប់ក្នុងដំនើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារប្រឹងរំងាប់ចិត្តទប់ទល់ នឹងអធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងាររឺកិច្ចការយ៉ាងណាៗដោយសេចក្តីអុស្សាហ៍ និងស្វាហាប់បំផុត។ បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកទទួលបានជោគជ័យគ្រាន់បើឡើងវិញក្នុងរវាង អាយុប៉ុណ្ណោះ ។
    បើជាមនុស្សស្រីទំនាយទាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់បានលាភធំ តែមុននឹងកើតលោភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំនងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំនែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ អែជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីឆ្ងាយ តែត្រូវខំរក្សាកាយអោយល្អក្រែងមានជំងឺតំកាត់ ។

    លោកអ្នកកើតឆ្នាំឆ្លូវ
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំនងទុក បន្ទាប់ ពីនោះទៅអ្នកត្រូវបានទទួលមុខតំនែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ អែជោគលាភដែលអ្នក ត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយត្រូវខំរក្សាកាយអោយល្អក្រែង មានជំងឺតំកាត់ខ្លះផង ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវ តែជួបប្រទះ នឹងអុបសគ្គជាញឹកញយក្នុងដំនើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ ប្រឹងរំងាប់ចិត្ត ទប់ទល់អធិករណ៍អោយមែនទែន ហើយគួរតាំងចិត្តធ្វើការងារ រឺកិច្ចការយ៉ាងណាៗដោយសេចក្តីអុស្សាហ៍ និងស្វាហាប់បំផុត ដោយខិតខំបំពេញអោយបានអង់អាចជានិច្ច ។ បើអ្នកធ្វើយ៉ាងនេះបានទើបអ្នកបានជោគជ័យ គ្រាន់បើឡើងវិញក្នុងរវាងអាយុប៉ុណ្ណោះ ។

    លោកអ្នកកើតឆ្នាំខាល
    បើជាមនុស្សប្រុសទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខ ជាត្រូវនឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ រឺត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបន្ដាលជាហេតុអោយមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានអ្នកបំរើនៅជាមួយ វានឹងធ្វើអោយអ្នកមានសេចក្តីមួហ្មងរឿយៗ ។ មួយវិញទៀត សាច់ញាតិ រឺមិត្តភក្តិនឹងកើតជាក្តីរង្គាស រិស្យាដល់អ្នក ដោយបំពានលើផលល្អសេចក្តីចំរើន ហេតុការណ៍ ទាំងអស់នេះអ្នកកុំភ្លេចស្មារតីអោយសោះ បើយ៉ាងហោចណាស់ក៏មានវិបត្តិឈឺថ្កាត់មិនខានឡើយ ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះ ក៏ដោយ អ្នកគង់បានសំរេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក រឺមនុស្ស ធ្វើការជាមួយអ្នកគេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកអោយខាតទុនក្នុងរយឆ្នាំនេះ អ្នកមិនគួរធ្វើ ដំនើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី រឺប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសអោយសោះ ហើយមិនគួរពឹងរកអោយគេជួយទុក្ខធុរខ្លួនជាដាច់ខាត ។

    លោកអ្នកកើតឆ្នាំថោះ
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កន្តាប់ដៃយើងហើយ ទោះ សត្រូវកាចប៉ុនប៉ងប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹង បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថា ល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយឆ្នាំនេះមួយចំនួន ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រលាញ់ រឺញាតិសន្តានដែលមានគុណបំនាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលអោយអ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារខ្លះក៏គង់នឹងសាបរលាបទៅវិញដែរ ដោយសារពេលនេះ មានមិត្តរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសំបែងជួសជុល រឺធ្វើថ្មីតែ មិនជាការសំខាន់ទេ ។

    លោកអ្នកកើតឆ្នាំរោង
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងណានោះក៏ដោយ ក៏គង់តែនៅមានមនុស្សរិស្យាបៀតបៀនចំពោះលទ្ធផលរបស់អ្នកជានិច្ចក្នុងរឿងនេះ អ្នកកុំខ្លាចអោយសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះចូរអ្នក ប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកបញ្ចុះបញ្ចូលលើកជើងអ្នកអោយចូលរួមការងារជា មួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ អ្នកមិនគួរលីសែង រែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំសំរេចលាភផលជូនដល់កណ្តាប់ដៃយើង ហើយទោះជា សត្រូវកាចប៉ុនប៉ង ប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកនឹងត្រូវបានជោគជ័យគ្រប់ប្រការ ហើយ បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនទាន់សោះសូន្យដែរចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយ ឆ្នាំនេះ មួយចំនួនទៀត ។

    លោកអ្នកកើតឆ្នាំម្សាញ់
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច្ច័យអោយល្អិតល្អន់បន្តិច សូម្បី តែអ្នកដែលធ្លាប់រាប់រកគ្នាយ៉ាងណា រឺអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមថា នឹងបានកំរៃផលពីការងារ បែបនោះអោយសោះ ពុំនោះនឹងបន្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ រឺក៏មានរឿងទំនាស់ ពីមនុស្សបំរើការក្នុងលំនៅឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក រឺសេចក្តីស្និទ្ធស្នាល និងផ្តល់ផលជាអាសាអិតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែង ដោយប្រើសេចក្តីឆ្លាតវៃ និងសេចក្តីអង់អាចអោយគ្រប់ កំលាំងទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងកើតមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសំរេចជាដរាប មិត្តភក្តិ រឺចៅហ្វាយនាយជាធំ ប្រុងទំនុកបំរុងដល់អ្នក តែអ្នកត្រូវប្រុងប្រយ័ត្នខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីអែនេះទៅនិន្ទាអោយអ្នកអែនោះលឺ រឺដឹង បើអ្នកតម ប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។

    លោកអ្នកកើតឆ្នាំមមី
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសំរេចបំនងមែនពិត ប្រកបទៅដោយសេចក្តីសុខប៉ុន្តែ អ្នកនៅមានទំនាស់ នឹង មេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំនែងមានមុខនាទី អ្នកត្រូវបានឡើងតំនែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យ បំផ្លាញបើសិនជាមានជំងឺច្រើនតែផ្តាសាយ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្ន អាក្រក់ណាស់ ដួងជតាត្រូវខាតបង់ រឺត្រូវមានធុរៈ ជំងឺឈឺថ្កាត់ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយអោយល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចោញឈ្មោះបោះសំលេង ជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនអោយគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជា មួយសត្រូវទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបាន ខ្លះហើយពេលក្រោយមានគេជួយអោយបានទ្រព្យស្តុកស្តម្ភ។

    លោកអ្នកកើតឆ្នាំមមែ
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ រឺត្រូវមានធុរជំងឺឈឺថ្កាត់ប៉ុន្តែ អ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហ៊ឹង ។ បើអ្នកចង់ ធ្វើអ្វីត្រូវពិចារណាមុខក្រោយអោយល្អិតល្អន់មែនទែន បើកាលណាភ្លាត់ ការអ្នកមុខជាត្រូវរងអំពើសង្កត់សង្កិនផ្លូវចិត្តយ៉ាងខ្លាំង ចូរកុំគប្បីបញ្ចោញឈ្មោះបោះសំលេងជាត្លុកកំប្លែងលលេងជាមួយគេញយៗពេក ចូរខំបំពេញ ខ្លួនអោយគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេល ក្រោយមានគេជួយ អោយបានទ្រព្យស្តុកស្តម្ភ ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសំរេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់ចំពោះមេបាបន្តិចបន្តួច រួចពីហេតុភេទបែបនេះ ទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំនែងមានមុខនាទី អ្នកត្រូវបានឡើងតំនែងនាទី បន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុត គឺចោរកម្ម និងអគ្គីភ័យបំផ្លាញបើសិនជា មានជំងឺច្រើនតែផ្តាសាយ។

    លោកអ្នកកើតឆ្នាំវក
    បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វី ប្រាកដបានសំរេចដរាប មិត្តភក្តិ រឺចៅហ្វាយនាយជាធំប្រុងទំនុកបំរុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រុងប្រៀបខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីអែនេះ ទៅនិន្ទាអោយអ្នកអែនោះលឺ រឺបើអ្នកបានតម ប្រាកដក្នុងហេតុភេទបែបនេះ ឈ្មោះថា ខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រី ភាព ។
    បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រលាញ់ រឺញាតិសន្តានដែលមានគុណបំនាច់លើរូបអ្នកត្រូវបែកគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលអោយអ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបសូន្យទៅវិញបានដោយសារពេលនេះ មានមិត្តរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសំបែងជួសជុល រឺធ្វើថ្មី តែមិនជាការសំខាន់ទេ ។

    លោកអ្នកកើតឆ្នាំរកា
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះ ជាឆ្នាំសំរេចលាភផលជូនដល់កន្តាប់ដៃយើងហើយ ទោះ សត្រូវកាចប៉ុនប៉ងប្រទូស្តរាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹង បានទទួលការលើកតំកើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថា ល្អផ្តាច់ហើយ ប៉ុន្តែអុបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិមិត្ត នឹងផ្តល់សេចក្តីរំខានដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន ។
    បើជាមនុស្សស្រីទំនាយថា ៖ ក្នុងឆ្នាំនេះអ្នកនឹងបានការងារធ្វើជាលក្ខណ៍ដ្ឋាន បើសិនជាការរៀបចំ មង្គលការផ្ទាល់ខ្លួនមុខជាបានសំរេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់ តែបើទោះជាយ៉ាងនោះ ក៏ដោយ ក៏គង់តែនៅមានមនុស្សរិស្យាបៀតបៀន ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំគប្បីខ្លាចអោយសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខ នៃការដូចពោលនេះ អ្នកចូរប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូល បញ្ជោរលើកជើងអ្នកអោយចូលរួម ការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយ មិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះ គ្រេចឆ្អឹងខ្នង ។

    លោកអ្នកកើតឆ្នាំច
    បើជាមនុស្សប្រុសទំនាយថា ៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទី ស្រលាញ់ រឺញាតិសន្តាន ដែលមានគុណបំនាច់លើរូបអ្នកត្រូវព្រាត់ប្រាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវ ខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេមានគេជួយឈឺឆ្អាលអោយ អ្នកបានសុខសាន្ត បើទុកជាមានអុបសគ្គក្នុងការងារអ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារ ពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទុះសម្បែងជួសជុល រឺធ្វើថ្មីតែមិនជាការសំខាន់ទេ ។ បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសាន្ត យ៉ាងលើសលប់ ហើយបានគាប់ចិត្តគ្រប់យ៉ាងមានគេនាំរង្វាន់មកអោយដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នក ល្អជាទី បំផុត បើអ្នកមានបំនងធ្វើអ្វីមុខជាបានសំរេចផល ។ ប៉ុន្តែថា អ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេខ្លាំងពេក នៅក្នុងរឿងរាប់អាន ស្រលាញ់ទុកចិត្តគួរតែប្រយ័ត្នអោយមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាចៀសមិនផុត ។ ចំនែកនៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។

    លោកអ្នកកើតឆ្នាំកុរ
    បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះបីជាយ៉ាងនេះក៏ដោយ អ្នកគង់បានសំរេចចំពោះការតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក រឺមនុស្សធ្វើការ ជាមួយគ្នា គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកអោយខាតទុនក្នុងរយឆ្នាំនេះ អ្នកមិនគួរធ្វើដំនើរ ផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរអីវ៉ាន់ថ្មី រឺប្រកបការយ៉ាងណាក៏ ដោយអ្នកកុំធ្វេសប្រហែសអោយសោះ ហើយមិនគួររំពឹងរកអោយគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។ បើជាមនុស្សស្រីទំនាយថា ៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយ ធុញទ្រាន់កន្លែងចាស់ រឺត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទី ការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញប្រែជាអាជីព ការរនះនឹងបន្ដាលជាហេតុអោយ មានសេចក្តីតឹងចង្អៀតខ្លះៗតំណទៅពេលខាងមុខក្នុងឆ្នាំនេះអ្នក នឹងមានស្កៀបរមាស់រង្គោះរង្គើដល់ ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើអោយមានសេចក្តីមួហ្មងរឿយៗ មួយវិញទៀតសាច់ញាតិ រឺមិត្តភក្តិនឹងកើតជាក្តីរង្គាសរិស្យា ដល់អ្នកដោយបំពានលើផលល្អ សេចក្តីចំរើនរបស់អ្នក ហេតុការណ៍ ទាំងអស់នេះចូរកុំភ្លេចស្មារតីអោយសោះបើយ៉ាងហោចណាស់ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

    ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

    ១៨៦៥ - ១៩៣៦
    ស្រាវជ្រាវដោយ យី ធន់

    អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូលស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។

    កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោក បានចាកសិក្ខាបទទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់អូវពុកលោកក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានអុបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹងចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យច្រើនកន្ែលងទៀត។

    លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាកសិករធម្មតា។

    លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិ លោកទាំងគតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយគេ និយមហៅលោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវគាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោកសាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែរួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។

    ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀង រឺទេសនា ក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែងប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដអុណាលោម ហើយឆ្លៀតពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។

    ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ
    មកធ្វើជាប្រធានបទដូចជាច្រៀង៖

    >>>អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
    >>>អំពីការជ្រើសរើសគូស្រករ
    >>>អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
    >>>អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្ែមរ
    >>>អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
    >>>អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាអែង ទាំងគ្រហស្ថ ទាំងអ្នក បួស
    >>>អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
    >>>អំពីការបាត់បង់អែករាជ្យ និង អត្ថភាពខ្មែរ
    >>>អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘

    កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះស៉ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៉ីសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាតអោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ» ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជវាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៉ី សុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះមួយទៀតថា ង៉ុយ រឺ ក្រមង៉ុយរៀងដរាបមក។

    កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃថែមទៀត។ ស្ដេចសៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេស ជាតិបារាំងបានចូលគាល់ហ្លួងព្រះស៉ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះ អ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយអែក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួលសេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថាក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នកចំរៀងមាត់អែកម្នាក់ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបានសួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅអែណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍?ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិរម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ រឺអោយឆ្លើយកុហក?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើអោយត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្េណះទៀត បើភិរម្យយូ មិនជឿត្រូវទៅមើលចុះ។

    ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើទៅតាមទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូយ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនអែង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀងហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយបានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំងនឹងថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិនិងជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរនេះ ទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។

    នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស(Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រីសុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។

    តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតាង៉ុយជា កវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖

    *១ - ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
    *២ - ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
    *៣ - សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
    *៤ - ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
    *៥ - បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
    ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញអែកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូ ដែរ គឺចំរៀងស្ដីអំពី៖កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..

    អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ១ - ឈ្មោះដូង ២ - ឈ្មោះចេង ៣ - ឈ្មោះចា ៤ - ឈ្មោះចិន ៥ - ឈ្មោះចុង ៦ - ឈ្មោះចេវ

    ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺកូនទី៥ ដែលគេនិយមហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅអែលិចពោចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ»។

    អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំដោយជំងឺទល់លាមក។
    សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)

    នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយមានវិបរិតទូទាំងប្រទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និងប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្ែមរទូទាំងប្រទេស។

    ប្រជាជនកម្ពុជាបាត់បង់សិទ្ធិសេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវកគ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគមបារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជាប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។

    ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រងបារាំង ទាំងខាងរដ្ឋបាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖

    *មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
    *មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
    *មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
    *ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du
    Royaume(៣)
    *ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីលធម៌រស់នៅ សំលៀកបំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

    ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ - ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជាដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិគមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗ អោយធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយអិតមានស្គាល់ឈ្មោះ និងស្រុកកំណើតរបស់គេឡើយ(៤)។

    ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីអែពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងអុបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បីស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និងការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខានមិនបានផលិតបណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។

    ១ - នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីអែក រាជ្យ(La MonarchieCambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀបរាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ អែកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។

    ២ - នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការ នៃរាជរដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul PelliotAdrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ អែកសារមហាបុរស លុះមកដល់ឆ្នាំ១៥៩៥ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមានការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La MonarchieCambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…

    ៣ - បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានអែកសារមហាបុរសខ្មែរ។

    ៤ - កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាល សួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយច្បាំងបារាំង។ ក្រោយឆ្នាំ ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

    ពាក្យកាព្យប្រដៅជនប្រុសស្រី

    សេចក្តីរំលឹកដាស់តឿន