วันจันทร์ที่ 18 มกราคม พ.ศ. 2553

ទស​បារមី​​ក្នុង​ព្រះ​ពុទ្ធ​សាសនា

នៅ​ក្នុង​ទស​ជាតក តែង​បាន​បង្ហាញ​អំពី​ទសបារមី។ ទសបារមី គឺ​ជា​គុណ​ជាតិ​ល្អ វិសេស​១០​ប្រការ ដែល អង្គ​ពោធិសត្វ​បាន​បំពេញ​ដើម្បី​ឱ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ ។ ទស​បារមី​មាន​ដូច​ខាង​ក្រោម​នេះ ៖
១-ទានបារមី ៖ នៅ​ក្នុង​រឿង​ព្រះ​វេស្សន្ដរ​ជាតក គឺ​ជា​ការ​ធ្វើ​អំណោយ​ប្រាស​ចាក​ពី​ការ​កំណាញ់ ។ ធ្វើ អំណោយ​ជា​ទ្រព្យសម្បត្តិ ការ​ផ្ដល់​អភ័យ ការ​ផ្ដល់​ឱកាស… ។
២-សីល​បារមី ៖ ការ​រក្សា​កាយ​វាចា​ចិត្ត​ឱ្យ​ល្អ​បរិសុទ្ធ​ប្រពៃ (ក្នុង​ភូរិ​ទត្ត​ជាតក) ។ ឧទាហរណ៍​អ្នក​ជាប់​សីល​៥ សីល​៨ និង​សីល​១០ តែង​ជា​មនុស្ស​រស់​នៅ​ស្លូត​បូត​មាន​ចិត្ត​ល្អ​ប្រសើរ ។
៣-នេក្ខម្ម​បារមី ៖ ការ​ចេញ​បួស​លះ​បង់ កាមគុណ (តេ​មិយ​ជា​តក) ។ ជា​ការ​ផ្ដាច់​ចិត្ត​មិន​ឱ្យ​ជាប់ ជំពាក់​នឹង​ទ្រព្យសម្បត្តិ រូបសម្បត្តិ ដែល​ជា​របស់​មិន​ទៀងទាត់​ក្នុង​លោក​នេះ ។
៤-បញ្ញាបារមី ៖ ការ​ដឹង​ច្បាស់​នូវ​សភាវៈ ប្រែប្រួល​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន ឬ​ការ​វិនាស​ទៅ ។ ជា​ពិសេស ដឹង​ច្បាស់​នូវ​គំនិត ដើម្បី​ចោទ និង​ដោះ​ស្រាយ​បញ្ហា ដោយ​ល្បិច (ក្នុង​មហោសថ​ជាតក) ។
៥-វីរិយ​បារមី ៖ ឧស្សាហ៍​ព្យាយាម​ធ្វើ​ការ​ដោយ​មិន​បោះបង់​ចោល​កណ្ដាល​ផ្លូវ (ក្នុង​មហា​ជន​កជាតក) ។
៦-ខន្តី​បារមី ៖ ការ​អត់ធន់​នឹង​សេចក្ដី​ទុក្ខ (ក្នុង​ច័ន្ទ​កុមារ​ជាតក) ។
៧-សច្ចបារមី ៖ កាន់​ពាក្យ​ពិត​មិន​រើរុះ (ក្នុង​វិធូរ​ជាតក) ។
៨-អធិដ្ឋានបារមី ៖ តាំង​ចិត្ត​មាំ​ដើម្បី​ឱ្យ​បាន​សម្រេច (ក្នុង​នេម​រាជ​ជាតក) ។
៩-មេត្តា​បារមី ៖ ផ្សព្វផ្សាយ​សេចក្ដី​រាប់​អាន​ចំពោះ​សត្វ​មិន​រើស​មុខ (សុវណ្ណសាម ជាតក) ។
១០-ឧបេក្ខា​បារមី ៖ តាំង​ចិត្ត​ជា​កណ្ដាល មិន​ល្អៀង​ទៅ​ខាង​ណា (ក្នុង​នារទ​ជាតក) ។
ទស​បារមី ឬ​បារមី ទាំង​១០​នេះ​ហើយ ដែល​ព្រះ​ពោធិ​សត្វ​បាន​សាង​ឆ្លង​កាត់​ឱ្យ​បាន​ដល់​ត្រើយ​នាយ គឺ​ការ បាន​ត្រាស់​ដឹង។ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាតិ​ទូទៅ ក៏​អាច​ប្រកាន់​យក​នូវ​ទស​បារមី​នេះ​បាន​ដែរ ក្នុង​ការ​កសាង កាយ​វាចា​ចិត្ត​ឱ្យ​បាន​ល្អ ដើម្បី​បំពេញ​ការងារ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខសាន្ត និង​រីក​ចំរើន​នៅ​ក្នុង​លោក​នេះ។

ไม่มีความคิดเห็น:

แสดงความคิดเห็น