วันอังคารที่ 19 มกราคม พ.ศ. 2553

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ

១៨៦៥ - ១៩៣៦
ស្រាវជ្រាវដោយ យី ធន់

អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូលស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំកំបូល មានគោរម្យងារជា ចៅពញាធម្មធារា។ ចៅពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូនទីពីរ នៅក្នុងគ្រួសារ។

កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោក បានចាកសិក្ខាបទទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់អូវពុកលោកក្នុងការ ដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំ លោកបានបំពេញអុបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានអុបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចា លោកគ្រូសូត្រឆ្វេងនាម អ៊ុង ជាអនុស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹងចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកអាចារ្យច្រើនកន្ែលងទៀត។

លោកបានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេលសុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាកសិករធម្មតា។

លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិ លោកទាំងគតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះភ្លេង និងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយគេ និយមហៅលោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់អាវកត្រង់ ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។ ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវគាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោកសាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែរួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។

ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀង រឺទេសនា ក្នុងពេលមានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែងប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដអុណាលោម ហើយឆ្លៀតពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។

ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ
មកធ្វើជាប្រធានបទដូចជាច្រៀង៖

>>>អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
>>>អំពីការជ្រើសរើសគូស្រករ
>>>អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
>>>អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្ែមរ
>>>អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
>>>អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាអែង ទាំងគ្រហស្ថ ទាំងអ្នក បួស
>>>អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
>>>អំពីការបាត់បង់អែករាជ្យ និង អត្ថភាពខ្មែរ
>>>អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘

កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះស៉ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៉ីសុវត្ថិពេញព្រះទ័យនឹងថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាតអោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ» ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជវាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៉ី សុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះមួយទៀតថា ង៉ុយ រឺ ក្រមង៉ុយរៀងដរាបមក។

កិត្ដិស័ព្ទរបស់អ្នកព្រះភិរម្យភាសាអ៊ូ មិនគ្រាន់តែល្បីរន្ទឺនៅក្នុងប្រទេសទេ ប៉ុនែ្ដបានសាយភាយទៅដល់ប្រទេសថៃថែមទៀត។ ស្ដេចសៀមក្រុមព្រះទំរង់រាជានុភាព និងលោកសឺដេស ជាតិបារាំងបានចូលគាល់ហ្លួងព្រះស៉ីសុវត្ថិ។ ពេលប្រគំភ្លេងទទួលភ្ញៀវបរទេសនោះ អ្នកព្រះភិរម្យភាសាអ៊ូហៅង៉ុយ ប្រគំឈ្នះគេខាងខ្សែដៀវ។ កិត្ដិស័ព្ទរបស់លោកបានផ្សាយដល់ស្រុកសៀម។ ស្ដេចសៀមបានធ្វើរាជសារមកសុំអញ្ជើញអ្នកព្រះភិរម្យ ភាសាង៉ុយ ទៅច្រៀងថ្វាយអែក្រុងបាងកក។ លោកបានធ្វើដំណើរទៅស្រុកសៀម អស់រយៈពេល៣ខែ ហើយបានទទួលសេចក្ដីរាប់អានពីសំណាក់ព្រះមហាក្សត្រ និងមន្ត្រីសៀម។ ពេលនោះស្ដេចសៀមបានប្រទានងារជាភិរម្យភាសា «ផៃរ៉ោះលឿកឺន»និងប្រទានឡេវអាវប្រាក់ឌួង ព្រមទាំងប្រាក់ និងវត្ថុផ្សេងៗទៀតជាច្រើន។ មានដំណាលថាក្នុងពេលធ្វើដំណើរត្រលប់ពីប្រទេសសៀមវិញលោកបានឆ្លងកាត់ខេត្ដបាត់ដំបង ពេលនោះ នៅខេត្ដបាត់ដំបងមានអ្នកចំរៀងមាត់អែកម្នាក់ឈ្មោះភិរម្យយូ។ ដោយលឺល្បីថា អ្នកព្រះភិរម្យភាសាអ៊ូពូកែច្រៀង លោកភិរម្យយូក៏មកសុំច្រៀងភ្នាល់។ ភិរម្យយូបានសួរភិរម្យង៉ុយថា «ភ្នំព្រះសុមេរុនៅអែណា? មានទំហំប៉ុណ្ណា? កំពស់ប៉ុន្មានយោជន៍?ពីនេះទៅ បើវាស់តើមានប៉ុន្មានគីឡូម៉ែត្រ?»។ ព្រះភិរម្យង៉ុយឆ្លើយថា «បើលោកឆ្ងល់យ៉ាងនេះ តើចង់អោយខ្ញុំឆ្លើយត្រង់ រឺអោយឆ្លើយកុហក?» ភិរម្យយូថាបើសួរត្រង់ ត្រូវតែឆ្លើអោយត្រង់ ភិរម្យង៉ុយក៏ឆ្លើយកែដោះសារថា មានប៉ុណ្ណោះគីឡូ ប៉ុណ្ណេះគីឡូម៉ែត្រ ហើយបើគិតពីបាត់ដំបងទៅមានចំងាយផ្លូវប៉ុណ្េណះទៀត បើភិរម្យយូ មិនជឿត្រូវទៅមើលចុះ។

ភិរម្យយូព្រមទទួលជឿ ហើយភិរម្យង៉ុយក៏សួរវិញថា «តើពីផ្សារបាត់ដំបងទៅភ្នំពេញ បើទៅតាមថ្នល់តើមានប៉ុន្មានគីឡូ? បើទៅតាមទន្លេសាបវិញតើមានប៉ុន្មានគីឡូ ?» ភិរម្យយូ ក៏ទាល់ឆ្លើយមិនរួច ហើយភិរម្យង៉ុយច្រៀងបង្អាប់ភិរម្យយូយ៉ាងច្រើនថា កន្លែងធ្លាប់ទៅមក ហើយជាប្រទេសរបស់ខ្លួនអែង ភិរម្យយូមិនដឹងទៅហើយ ទៅសង្វាតសួរកន្លែងមិនដែលទៅ បើទោះជាខ្ញុំកុហក ក៏ត្រូវតែជឿខ្ញុំដែរ។ ភិរម្យង៉ុយបង្អប់ទាល់ តែភិរម្យយូរទាល់ ចុះពីកន្លែងច្រៀងហើយប្រជាជនអ្នកស្ដាប់ទះដៃសរសើរភិរម្យង៉ុយយ៉ាងខ្លាំង។ លោកប្រមុខខេត្ដបាត់ដំបង បានប្រគល់រង្វាន់នៃជ័យជំនះដល់ភិរម្យង៉ុយ គឺសេះស ១ក្បាលនិងប្រាក់សុទ្ធ ៤០០រៀលទៀត។ ដូច្នេះហើយបានជាអ្នកច្រៀងនានា មានការញញើតលោកណាស់ មិនសូវមាននរណាហ៊ានច្រៀងតតាំងនឹងថ្វីមាត់លោក ឡើយមានតែជំទប់សាន់នៅឃុំភ្លើងឆេះរទេះ ស្រុកភ្នំពេញ ដែលជាមិត្ដភក្ដិនិងជាដៃគូរបស់គាត់ម្នាក់ប៉ុណ្ណោះ ទើបអាចតបតនឹងលោកបាន។ ពេលអ្នកចំរៀងទាំងពីរនេះ ទៅច្រៀងនៅកន្លែងណា មនុស្សម្នាប្រុសស្រីនៅភូមិស្រុកឆ្ងាយៗបានភ្លូកទៅស្ដាប់យ៉ាងច្រើន។

នៅពេលក្រោយមកទៀត លោក សឺដេស បាននាំព្រះភិរម្យភាសាអ៊ូទៅជួបលោកស្រី ស៊ុយហ្សាន កាប៉ឺឡែស(Suzanne Karpeles) ដែលជានាយកដ្ឋានវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតនៅភ្នំពេញ។ នៅឆ្នាំ១៩៣០ អ្នកស្រីនាយកសុំអោយព្រះភិរម្យភាសាច្រៀងកំណាព្យរបស់គាត់ឡើងវិញទាំងអស់ បែបរង្វើលៗ ដើម្បីអោយអ្នកប្រាជ្ញនៅវិជ្ជាស្ថានពុទ្ធសាសនបណ្ឌិតកត់ត្រាទុក។ ជារង្វាន់នៅពេលនោះអ្នកស្រីសុយហ្សានបានអោយលោកនូវប្រាក់១រៀលជានិមត្ដរូបនៃកាស្រលាញ់វប្បធម៌អរិយធម៌ខ្មែរ។ ដោយចង់រក្សាទុកស្នាដៃនេះអោយបានយូរអង្វែងសំរាប់មនុស្សជំនាន់ក្រោយ ពុទ្ធសាសនបណ្ឌិត បានចាត់ចែងបោះពុម្ពស្នាដៃរបស់លោកជាបួនច្បាប់ ហើយក្រោយមកបានបញ្ចូលគ្នាជាមួយច្បាប់វិញ។

តាមពិតស្នាដៃរបស់លោកមានច្រើន ប៉ុន្ដែគេមិនបានកត់ត្រា ព្រោះលោកតាង៉ុយជា កវីដែលបង្កើតស្នាដៃដោយច្រៀងផ្ទាល់មាត់។ ស្នាដៃរបស់លោកដែលយើងរកឃើញរហូតដល់សព្វថ្ងៃមាន៖

*១ - ច្បាប់ល្បើកថ្មី «បទកាកគតិ» ឆ្នាំ១៩២២
*២ - ច្បាប់កេរកាលថ្មី «បទព្រហ្មគិត» ឆ្នាំ១៩២២
*៣ - សេចក្ដីរំលឹកដាស់តឿន «បទពាក្យ ៧ ឆ្នាំ១៩៣១
*៤ - ច្បាប់ប្រដៅទូន្មានប្រុសស្រី បទពាក្យ ៧ មិនដឹងកាលបរិច្ឆេទ
*៥ - បណ្ដាំក្រមង៉ុយ «បទព្រហ្មគិត គ្មានកាលបរិច្ឆេទ។
ក្រៅពីស្នាដៃខាងលើនេះ នៅមានស្នាដៃផ្សេងទៀត ដែលគេរកមិនឃើញអែកសារសរសេរ ហើយដែលអ្នកស្រាវជ្រាវពីមុនៗ បានចាត់ទុកថាជាស្នាដៃរបស់អ្នកភិរម្យភាសាអ៊ូ ដែរ គឺចំរៀងស្ដីអំពី៖កតញ្ញូកតវេទី, ត្រែសក្ខណ៍, ចំរៀងស្រីប្រុស…..

អ្នកភិរម្យភាសាអ៊ូ មានភរិយាឈ្មោះ អ៊ិន លោកមានបុត្រ៦នាក់ សុទ្ធតែប្រុសគឺៈ១ - ឈ្មោះដូង ២ - ឈ្មោះចេង ៣ - ឈ្មោះចា ៤ - ឈ្មោះចិន ៥ - ឈ្មោះចុង ៦ - ឈ្មោះចេវ

ក្នុងចំណោមកូនគាត់ទាំង៦ នាក់ មានម្នាក់ដែលមានទេពកោសល្យខាងសំនួនវោហារប្រហាក់ប្រហែលគាត់នោះគឺកូនទី៥ ដែលគេនិយមហៅថាអាចារ្យចុង។ មានពត៌មានខ្លះទៀតថា គាត់នៅមានចៅម្នាក់ទៀត ដែលមានវោហារល្បីខាងច្រៀងអាយ៉ៃដែរ ហើយមានរូបរាងស្គមស្ដើង ដែលគេធ្លាប់លឺឈ្មោះថានាយស្លឹក។ នៅពេលច្រៀងអាយ៉ៃនាយស្លឹក តែងបង្ហាញខ្លួនគាត់ថា «សុ្រកខ្ញុំនៅអែលិចពោចិនតុង កូនអាចារ្យចុងចៅអាចារ្យង៉ុយ»។

អ្នកភិរម្យភាសាអ៊ូ បានទទួលអនិច្ចកម្មនៅថ្ងៃសុក្រ ៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ ក្នុងជន្មាយុ ៧១ឆ្នាំដោយជំងឺទល់លាមក។
សង្គមបរិយាកាសនៅកម្ពុជា (ពីឆ្នាំ ១៨៦៥ ដល់ឆ្នាំ១៩៣៦)

នៅក្នុងរយៈពេលជាង៧០ ឆ្នាំនេះ នៅប្រទេសកម្ពុជា គេឃើញមានព្រឹត្ដិការណ៍សំខាន់ៗ ជាច្រើន ដែលធ្វើអោយមានវិបរិតទូទាំងប្រទេស ទាក់ទងដល់គ្រប់វិស័យរបស់សង្គម និងប៉ះពាល់ដល់ភាពរស់នៅរបស់ប្រជាជនខ្ែមរទូទាំងប្រទេស។

ប្រជាជនកម្ពុជាបាត់បង់សិទ្ធិសេរីភាព និងអ្វីៗដែលខ្លួនធ្លាប់មានពីមុនៗមក ក្នុងឋានៈ ជាម្ចាស់ប្រទេស ចាប់ពីឆ្នាំវកគ.ស ១៨៨៤(១)គឺក្នុងពេលដែលពួកអាណានិគមបារាំង បានប្រើអំណាចរំលោភទាំងកំរោល មកលើអធិប្បតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយលែងទទួលស្គាល់កម្ពុជា ក្នុងលក្ខណៈជាប្រទេសស្ថិតក្នុងអាណាព្យាបាលរបស់ខ្លួន។ផ្ទុយទៅវិញបារាំងបានចាប់យកកម្ពុជា ធ្វើជាប្រទេសអាណានិគមរបស់ខ្លួនតែម្ដង។

ចាប់តាំងពីពេលនោះមក គេឃើញមានការសើរើរៀបចំប្រទេសឡើងវិញនូវគ្រប់វិស័យ ទៅតាមប្រពន្ធគ្រប់គ្រងបារាំង ទាំងខាងរដ្ឋបាលទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំសិក្សាធិការដូចជា៖

*មានតែងតាំងមន្រ្ដីភាគច្រើនជាជនបរទេស ក្នុងការរដ្ឋបាលអោយត្រួតត្រា ប្រទេសខ្មែរ
*មានការវាស់វែងបែងចែកដីធ្លី និងប្រគល់កម្មសិទ្ធិអោយប្រជាជន ដើម្បី ងាយដកហូតពន្ធដារ
*មានការបោះពុម្ពក្រដាសប្រាក់ថ្មី ជំនួសប្រាក់សុទ្ធ (២)
*ប្រមូលទ្រព្យសម្បត្ដិឃ្លាំងព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួមហៅថា Tresor unique du
Royaume(៣)
*ការផ្សព្វផ្សាយវប្បធម៌ និងអរិយធម៌លោកខាងលិចនៅក្នុងប្រទេសរាប់ តាំងពីអក្សរ ភាសា សីលធម៌រស់នៅ សំលៀកបំពាក់សិល្បៈភ្លេង របាំ រាំច្រៀង៘

ម្យ៉ាងទៀតនៅក្នុងឆ្នាំ១៩១៤ - ១៩១៨ សង្រ្គាមលោកលើកទី១ បានផ្ទុះឡើងនៅប្រទេសអ៉ឺរ៉ុប។ ពិតមែនតែសង្រ្គាមនោះមិនកើតឡើងលើទឹកដីរបស់យើង ប៉ុន្ដែផលវិបាកសង្រ្គាមនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រទេសកម្ពុជាដោយសារប្រទេសកម្ពុជា ជាប្រទេសអាណានិគមរបស់បារាំង ដូច្នេះឈាមខ្មែរក៏កំពប់ខ្ចាយដោយសារបារាំងធ្វើសង្រ្គាមនៅអ៉ឺរ៉ុបដែរ។ ពេលនោះបារាំងបានចាប់ប្រជាជនខ្មែរបុរសៗ អោយធ្វើទាហាន ហើយ មួយចំនួនធំត្រូវបានចាត់បញ្ជូនអោយទៅជួយច្បាំងបារាំង។ ទាហានមួយចំនួនបានពលី នៅលើសមរភូមិ ដោយអិតមានស្គាល់ឈ្មោះ និងស្រុកកំណើតរបស់គេឡើយ(៤)។

ប្រជាជនដែលនៅក្នុងស្រុក ត្រូវទទួលរងទុក្ខវេទនាដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ ដោយសារគ្រោះធម្មជាតិ (ទឹកជំនន់ និងរាំងស្ងួត) បណ្ដាលអោយមានទុរភិក្សជាទូទៅពេញប្រទេស។ ជំងឺតំកាត់កើតឡើង ហើយឆ្លងរាលដាលយ៉ាងរហ័ស ដោយសារខ្វះថ្នាំសង្កូវ។ រីអែពួកអាណានិគមវិញគិតតែជំរិតទារពន្ធដារលើមនុស្សសត្វ និងអុបករណ៍ សំភារៈសព្វសារពើ ដើម្បីយកទៅចំណាយក្នុងសង្រ្គាម និងដើម្បីស្ដារប្រទេសរបស់គេឡើងវិញ ក្រោយពេលសង្រ្គាមបានចប់ទៅវិញ។ ការប្រមូលពន្ធដារលើទំនិញ និងការហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការខកខានមិនបានផលិតបណ្ដាលមកពីគ្រោះរាំងស្ងួត នាំអោយមានអតិផរណាទំនិញសព្វសារពើចេះតែឡើងថ្លៃរៀងរាល់ថ្ងៃ។ ទន្ទឹមនឹងព្រឹត្ដិការណ៍ខាងលើនេះ ពួកឈ្មួញបរទេស និងអ្នកប្រកបមុខរបរលក់ដូរ ឆ្លៀតអោកាសកេងប្រវ័ញ្ចគៃ បន្លំយកចំណេញ ដើម្បីធ្វើមានបានពីលើខ្នងប្រជាជនខ្មែរ ដែលភាគច្រើនជាកសិករមិន សូវបានរៀនសូត្រ ទាំងខាងអក្សរសាស្រ្ដទាំងខាងលេខនព្វន្ដ។

១ - នៅក្នុងសៀវភៅឈ្មោះ «រាជាធិបតេយ្យកម្ពុជា និងព្រះរាបូជនិយកិច្ចដើម្បីអែក រាជ្យ(La MonarchieCambodgiènne et la Croisade Royale pour l’inde-pendancen » សមេ្ដចព្រះនរោត្ដសីហនុ បានរៀបរាប់យ៉ាងពិស្ដារអំពីខ្លឹមសារអនុសញ្ញា ឆ្នាំ១៨៨៤ (ទំព័រ ៥៣ និងបន្ដរបន្ទាប់)។ អែកសារមហាបុរសខ្មែរ របស់លោក អេង សុត ត្រង់រជ្ជកាលព្រះនរោត្ដមភាគខាងចុង។

២ - នៅមុនសតវត្សទី ១៥ ការផ្លាស់ប្ដូរទំនិញសំខាន់ៗ ក្នុងការលក់ដូរក្នុងស្រុក និងក្រៅ ប្រទេស គេធ្វើអោយមានការផ្លាស់ប្ដូរទៅវិញទៅមក ដោយយកទំនិញប្ដូរនិងទំនិញ យកមាសទៅប្ដូរក៏មាន(សៀវភៅ Le Cambodge បោះពុម្ពផ្សាយដោយក្រសួងឃោសនាការ នៃរាជរដ្ឋាភិបាលកម្ពុជាភ្នំពេញ ឆ្នាំ១៩៦២) កំណត់ហេតុ ស្ដីអំពីទំនៀមទំលាប់របស់ប្រទេសកម្ពុជា របស់ចូវតាក្វាន់ (Memoires Takouan; Oeuvres postumes de Paul PelliotAdrien -Maison-Neuvre Paris 1951) សីលាចារឹកស្ដុកកក់ធំ អែកសារមហាបុរស លុះមកដល់ឆ្នាំ១៥៩៥ក្នុងរដ្ជកាលព្រះសត្ថាទីមួយ គេបានរកឃើញមានប្រាក់ដែលបោះចាយលើកដំបូង។ រហូតមកដល់រជ្ជកាលព្រះអង្គឌួងទើបមានការបោះប្រាក់ចាយសាជា ថ្មីក្នុងរវាងឆ្នាំ ១៨៤៧ ត្រង់រជ្ជកាលព្រះអង្គឌួង)។ សៀវភៅ La MonarchieCambod-giènne និងសៀវភៅ Le Cambodge ដូចបញ្ជាក់ខាងលើ…

៣ - បារាំងបានប្រមូលសម្បត្ដិព្រះរាជទ្រព្យ យកទៅដាក់រតនាគាររួម នោក្នុងឆ្នាំ១៨៩១ សូមអានអែកសារមហាបុរសខ្មែរ។

៤ - កាលពីមុនឆ្នាំ១៩៧៥ គេឃើញមានរូបសំណាកធ្វើអំពីស្ពាន់យ៉ាងធំតំកល់កណ្ដាល សួន នៅខាងកើតស្ថានទូតបារាំង ត្រង់ម្ដុំវត្តចិនដំដែក ដែលគេនិយមហៅថារូបពី។ រូបសំណាកនោះ បារាំងបានសាងដើម្បីអុទ្ទិសចំពោះទានហានបារាំង និងខ្មែរដែលបានពលី ជីវិតក្នុងការជួយច្បាំងបារាំង។ ក្រោយឆ្នាំ ១៩៧៥ ក្នុងពេលដែលខ្មែរក្រហមឡើងកាន់អំណាច រូបសំណាកនេះ ត្រូវបានគេកំទេចចោលទាំងស្រុង។

ไม่มีความคิดเห็น:

แสดงความคิดเห็น